ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា គ.ស ២០១៨ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុនសែនគ្រួស ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការ សុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីអ្នក និងដោយមានការចូលរួមពីលោកស្រី មីសែល យ៉ូ ឯកអគ្គរាជទូតសុច្ឆន្ទៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកសាកល ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក រួមទាំងមន្រ្តីជាន់ខ្ពស់ពីបណ្តាមន្ទីរ ស្ថាប័ននានាក្នុងខេត្ត តំណាងស្ថាប័ន-អង្គការដៃគូពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ តំណាងក្រុមហ៊ុនឯកជន គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុនសែនគ្រួស យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធិកម្ពុជា អ្នកសារព័ត៌មាន (កាសែត វិទ្យុ ទូរទស្សន៍) ដែលមានអ្នកចូលរួមសរុបប្រមាណ ១.០៩៥នាក់។ ក្នុងកម្មវិធី ឯកឧត្តមគណៈអធិបតី និងគណៈប្រតិភូទាំងអស់ បានចូលរួមចែកមួកសុវត្ថិភាពជូនលោកគ្រូ អ្នកគ្រូ ចំនួន ១០០មួក និងបានធ្វើយុទ្ធនាការស្តីពីសុវត្ថិភាពចរាចរណ៍នៅទីតាំងភ្លើងស្តុប ០៤កន្លែង ដែលក្នុងនោះបានប្រើប្រាស់សម្ភារមួយចំនួនដូចជា៖ មួកសុវត្ថិភាពចំនួន ៨០មួក សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ៤៥០ក្បាល អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ៥០០ក្បាល សីលធម៌១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ ២០១៧ ចំនួន ៥០០សន្លឹក ប្រការសំខាន់ៗដែលអ្នកត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ចំនួន ៤០០សន្លឹក គោរពច្បាប់ចរាចរណ៍ ដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃ ចំនួន ៩០០សន្លឹក ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ ចំនួន ០៥ផ្ទាំង និងផ្ទាំងសម្រាប់ថ្មើរជើង(ការឆ្លងកាត់ផ្លូវ) ចំនួន ០៥ផ្ទាំង។