យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តពោធិ៍សាត់ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
នៅរសៀល ថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ កងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតក្នុង ភូមិស្វាយអាត់ ឃុំស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីដោយ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែក៖
១.មួកសុវត្ថិភាព ៩០មួក (មួកសម្រាប់មនុស្សធំចំនួន ៥០មួក មួកកុមារចំនួន ៤០មួក)
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ១.០០០សន្លឹក
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៤០០ក្បាល
៥.ខិតបណ្ណសីលធម៌ ១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ ២៥០សន្លឹក
៦.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១.០០០ ច្បាប់
៧.ខិតបណ្ណគោរពច្បាប់ចរាចរណ៍គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃ ១.០០០ សន្លឹក
៨.ផ្ទាំងរូបភាពសម្រាប់ថ្មើរជើង ១០០សន្លឹក៕