យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្តព្រះវិហារ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្នងការនគរបាលខេត្តព្រះវិហារ កងរាជអាវុធហត្ថខេត្ត បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តោយផ្លូវកោះកែ ស្ថិតក្នុង ភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីភាព លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ផងដែរ។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
១.មួកសុវត្ថិភាព ៩៥មួក (មួកសម្រាប់មនុស្សធំចំនួន ៨០មួក មួកកុមារចំនួន ១៥មួក)
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៤៥០ក្បាល
៣.ស្ទីកឃ័រចំណាំងផ្លាត ៥៣០សន្លឹក
៤.សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ១៨៧ក្បាល
៥.ខិតបណ្ណសីលធម៌ ១០ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ ២០០សន្លឹក
៦.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៦០០ ច្បាប់។