ការចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” របស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP)
នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអនុញ្ញាតឱ្យអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ដឹកនាំដោយ លោកស្រី ឃុន ចាន់ជា ប្រធានកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” ចូលជួបធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលក្រុមការងារយុវជនគំរូAIPសម្រេចបាននៅតាមសាកលវិទ្យាល័យ វិទ្យាល័យ សាលាបឋមសិក្សា និងសហគមន៍ លើការអប់រំផ្សព្វផ្សាយ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ រួមទាំងបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តកម្មវិធី “ការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព” ការផ្លាស់ប្តូរទម្លាប់បើកបរប្រកបដោយគ្រោះថ្នាក់ និងការស្នើសុំអនុសាសន៍សម្រាប់បន្តជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ទូរសព្ទពេលបើកបរ និងការពាក់មួកសុវត្ថិភាព។ ជំនួបប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ លោកជំទាវ ឥម និថារ៉ា អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ស.ច.គ មន្ត្រីពាក់ព័ន្ធ និងក្រុមយុវជនគំរូ AIP សរុបចំនួន ២១នាក់។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាព និងទិសដៅការងារក្រុមយុវជនគំរូរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី លើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេស ការកាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃពេលបើកបរ។ លោកជំទាវ ក៏បានផ្តល់ការណែនាំ ឱ្យតំណាងអង្គការ AIP ធ្វើការជួបប្រជុំជាមួយ សមាគមន៍ទូរទស្សន៍ អ្នកដឹកនាំកម្មវិធី ផលិតករ ដើម្បីបង្កើតកម្មវិធី វីដេអូអប់រំខ្លីៗ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ និងជួយសហការក្នុងការផ្សព្វផ្សាយបន្ថែម ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់យានយន្តឱ្យមានការយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ព្រោះវាជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងសង្គមជាតិយើង៕