សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ជាមន្ត្រីនាយកដ្ឋានសុវត្ថិភាព និងជាមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ចំនួន ៥រូប បានចូលរួមសិក្ខាសាលាស្តីពីការពិគ្រោះយោបល់ផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត ក្រោមអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មការទី២ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងមានការចូលរួមមកពី តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត ស្នងការនគរបាលរាជធានីខេត្ត បេឡាជាតិរបបសន្តិសុខសង្គម និងអង្គការសង្គមស៊ីវិល សរុបចំនួន ១០០នាក់។
សិក្ខាសាលានេះ មានគោលបំណងបង្កើតផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការក្នុងការរឹតបន្តឹងអនុវត្តច្បាប់ និងការផ្សព្វផ្សាយដល់និយោជិត និយោជក ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពដឹកជញ្ជូនកម្មករតាមរោងចក្រកាត់ដេរចំនួន ១៤ រាជធានី ខេត្ត។