សិស្សានុសិស្សនៃសាលាបមឋសិក្សាចំនួន៤ទីតាំងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង បានទទួលការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ“បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”
នៅព្រឹក ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ផ្សេងទៀត ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាផ្សារ សាលាបឋមសិក្សាស្រះកែវ សាលាបឋមពន្លៃ និងសាលាបឋមសិក្សាអង្គ បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សានីមួយៗ ត្រូវបានជ្រើសរើសពីសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដោយក្នុងសាលានីមួយៗជ្រើសរើសចំនួន ១០០នាក់។
សិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការនេះ ក៏ទទួលបានសម្ភារ និងឯកសារដូចជា សៀវភៅសរសេរ ១ក្បាល ស្ទីកឃ័រចំណាំងផ្លាត ១សន្លឹក ខ្មៅដៃសម្រាប់ផាត់រូប ១ប្រអប់ ខៅ្មដៃ ១ដើម និងជ័រលុប ១ដុំ។ ដោយឡែកសម្ភារ ដែលបានប្រគល់ជូនសាលាបឋមសិក្សានីមួយៗ រួមមាន រនាំងសុវត្ថិភាពចំនួន ៤ផ្ទាំង អាវចំណាំងសុវត្ថិភាពចំនួន ១០អាវ កញ្ចែ ចំនួន ២កញ្ចែ បដាស្តីពីសារសុវត្ថិភាពចំនួន ២ផ្ទាំង និងស្ទីកឃ័រចំណាំងផ្លាតចំនួន ១០០សន្លឹក។
នៅអំឡុងពេលនៃការសិក្សានេះ សិស្សានុសិស្សនៃសាលាបឋមសិក្សានីមួយ ក៏មានឱកាសក្នុងការឆ្លើយសំណួរទាក់ទងនឹងមេរៀនសុវត្ថិភាពនេះ ដើម្បីទទួលបានរង្វាន់មួកសុវត្ថិភាព ដោយនៅតាមសាលានីមួយៗ មានសិស្សានុសិស្សដែលឆ្លើយត្រូវចម្លើយចំនួន ២០នាក់ ដែលបានទទួលមួកសុវត្ថិភាពជារង្វាន់ៗ។ បន្ទាប់ពីបញ្ចប់វគ្គទ្រឹស្តីនេះរួច សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់បានចូលរួមហ្វឹកហាត់ និងអនុវត្តវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវនៅទីលានដែលបានរៀបចំក្នុងបរិវេនរបស់សាលាបឋមសិក្សានីមួយៗធ្វើជាគំរូសម្រាប់សិស្សានុសិស្សយកទៅអនុវត្តក្នុងពេលឆ្លងផ្លូវ។