យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
“រួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ”
..........................................
នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីមន្ទីរសាធារណការ និងដឹងជញ្ជូនរាជធានីភ្នំពេញ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជា បានចុះរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ទទួលបានការចូលរួមជាអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបផងដែរ។
យុទ្ធនាការនេះ មានការអប់រំផ្សព្វផ្សាយអប់រំណែនាំដល់អ្នកបើកបរយានយន្តឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ដូចជាព្រឹត្តិការណ៍បុណ្យជាតិសំខាន់ៗដទៃទៀត ដោយបានចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់។
យោងតាមរបាយការណ៍ នៃអគ្គស្នងការនគរបាលជាតិ ប្រចាំខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួន ១៧៨នាក់ របួសធ្ងន់ចំនួន ២៧៨នាក់ និងរបួសស្រាលចំនួន ១៤៣នាក់ ដែលក្នុងនោះ រយៈពេល៧ថ្ងៃ (ពីថ្ងៃទី០៦ ដល់១២ ខែតុលា ឆ្នាំ២០១៨) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គឺមានអ្នកស្លាប់ចំនួន ៥៥នាក់ និងរងរបួសធ្ងន់ចំនួន ១២៧នាក់ និងរបួសស្រាលចំនួន ៥៤នាក់។ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ អ្នកស្លាប់មានការកើនឡើងចំនួន ២% និងកើនឡើង២៥%ធៀបនឹងឆ្នាំ២០១៦។
ជាលទ្ធផល នៅក្នុងយុទ្ធនាការនេះ បានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួនដូចខាងក្រោម៖
១.មួកសុវត្ថិភាព ចំនួន ២០០មួក
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ១០០ក្បាល
៣.សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តគួរយល់ដឹង ចំនួន ១០០ក្បាល
៤.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៦០០សន្លឹក
៥. ស្ទីកឃ័រចំណាំងផ្លាត ចំនួន ៥០០សន្លឹក
៦. ស្ទីកឃ័រចំណាំងផ្លាត (ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់) ចំនួន ២០០សន្លឹក
៧. ផ្ទាំងស្ទីកឃ័រចំណាំងផ្លាក (ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) ចំនួន ៣០ផ្ទាំង។