នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាតំណាងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចរាចរណ៍ផ្លូវគោក” ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានគាំទ្រដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន អង្គការខេមសេហ្វ សាកលវិទ្យាល័យស្វាយរៀង និងក្រុមហ៊ុនហុងដា។ ការបើកវគ្គបណ្តុះបណ្តាលនេះគឺក្នុងគោលបំណង បញ្ជ្រាបចំណេះដឹងផ្នែកសុវត្ថិភាពចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេស សិស្សនិសិ្សត និងយុវជន ឱ្យយល់ដឹងអំពីការបើកបរដោយសុវត្ថិភាពនៅលើដងផ្លូវ និងរួមគ្នាគោរពច្បាប់ទាំងអស់គ្នា ក៏ដូចជាការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសយើងឱ្យមកនៅកម្រិតទាប។ ក្នុងពិធីនេះដែរក៏មានការពិភាក្សាជារួមទាក់ទងនឹងផ្នែកសុវត្ថិភាពចរាចរណ៍ និងបានធ្វើការចែករំលែកពីវិធីសាស្រ្តក្នុងការបើកបរទោចក្រយាយន្តឱ្យមានសុវត្ថិភាពទៅដល់អ្នកចូលរួមទាំងអស់។ដែលវាគ្មិនចូលរួមមានដូចជា តំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក តំណាងស្នងការខេត្តស្វាយរៀង តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង តំណាងបេឡាជាតិរបបសន្តិសុខសង្គម តំណាងអង្គការខេមសេហ្វ និងតំណាងក្រុមហ៊ុនដា។