សិក្ខាសាលាស្តីពី “បង្ការពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍”
នៅថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានចូលរូមសិក្ខាសាលាស្វែងរកការគាំទ្រពីវិស័យឯកជន និងសប្បុរសជនស្តីពី “បង្ការពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍” ដែលរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា។
សិក្ខាសាលានេះ មានគោលបំណងស្វែងរកការគាំទ្រជាថវិកា សម្ភារ បច្ចេកទេស និងការគាំទ្រផ្សេងៗទៀតពីវិស័យឯកជន និងសប្បុរសជន ដើម្បីបណ្តុះបណ្តាល ផ្សព្វផ្សាយយុទ្ធនាការវេទិការសាធារណៈដល់សិស្ស និស្សិត អាជីវករ និងសាធារណជនឱ្យយល់ដឹងពីសិទ្ធិរបស់ជនពិការ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផលប៉ះពាល់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ និងវិធីសាស្ត្របញ្ចៀសពីគ្រោះថ្នាក់ចរាចរណ៍។
សិក្ខាសាលានេះក៏មានការរៀបចំពិធីសំណេះសំណាល បទបង្ហាញអំពីស្ថានភាព និងផលប៉ះពាល់របស់គ្រោះថ្នាក់ចរាចរណ៍មកលើប្រជាជនកម្ពុជា ចំណាប់អារម្មណ៍ជនរងគ្រោះថ្នាក់ចរាចរណ៍ និងក្រុមគ្រួសារ របាយការណ៍ចំណាយក្នុងឆ្នាំ២០១៩ និងផែនការថវិកាឆ្នាំ២០២០ និងវេទិកាផ្តល់មតិយោបល់ និងការគាំទ្រពីវិស័យឯកជន សប្បុរសជន ដែលសិក្ខាសាលានេះសហការរៀបចំឡើងដោយ កាកបាទក្រហមកម្ពុជា អង្គការ Light for the world ក្រុមហ៊ុនសូគីម៉ិច ក្រុមហ៊ុនLegend Cinema និង Orkide Villa។