កិច្ចប្រជុំពិភាក្សាការងារ រវាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា
......................................................
នៅព្រឹកថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលលើការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជានាពេលកន្លងមក និងពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការបន្ថែមលើការងារសុវត្ថិភាពចរណ៍ផ្លូវគោកនៅកម្ពុជា ។
លោកប្រធាននាយកដ្ឋាន បានថ្លែងអំណរគុណដល់អង្គការ UNDP ប្រចាំនៅកម្ពុជា ដែលបានរៀបចំជាវគ្គបណ្តុះបណ្តាលស្តីពីការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដ៏មានសារៈសំខាន់មួយនេះ ដោយសារវគ្គបណ្តុះបណ្តាលនេះពិតជាបានឆ្លើយតបចំពោះតម្រូវការចាំបាច់នៃការអនុវត្តផែនការសកម្មភាពរបស់នាយកដ្ឋាន និង ជាផ្នែកមួយនៃការធ្វើឱ្យប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានភាពប្រសើរឡើង និងគ្រប់ជ្រុងជ្រោយ។ លោកប្រធាននាយកដ្ឋានក៏បានស្នើឱ្យមានរៀបចំជាវគ្គបណ្តុះបណ្តាលរបៀបនេះបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍លើការងារស្រាវជ្រាវនៃការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ UNDP សម្រាប់គម្រោងនានា ដូចមាននៅក្នុងផែនការសកម្មភាពរបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍។
ជាលទ្ធផលនៃកិច្ចប្រជុំ តំណាងអង្គការ UNDP បានឯកភាពនឹងបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលមួយបន្ថែមទៀត ក៏ដូចជាសន្យាឧបត្ថម្ភស្ទីកឃ័រចំណាំងផ្លាតចំនួន ៣ម៉ឺនសន្លឹក សម្រាប់បិទលើយានយន្ត ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកបើកបរដែលធ្វើដំណើរនៅពេលយប់ ហើយនិង ពិនិត្យលទ្ធភាពក្នុងការទិញកម្មវិធីកុំព្យូទ័រ និងកុំព្យូទ័រសម្រាប់បម្រើដល់ការងារសិក្សាលើកខាតបង់សេដ្ឋកិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ជូនដល់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ នៅទីបញ្ចប់តំណាងអង្គការ UNDP ក៏បានសម្តែងនូវគាំទ្រក្នុងការសិក្សាស្រាវជ្រាវអំពីតំបន់ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់(ជើងកប) នៅកម្ពុជាផងដែរ។
https://www.facebook.com/768454643314547/photos/pcb.1656243017869034/1656242581202411/?type=3&theater