កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ 13-03-2025


កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តព្រៃវែង (ជាន់ទី៩) នៃទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត កងកម្លាំងនគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត តំណាងអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២០០នាក់។
តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់​​កើតឡើងសរុប ២ ៨៤៤លើក (យប់៥៧%) បណ្តាលឱ្យ​ស្លាប់ ១ ៥០៩នាក់ និងរបួស ៣ ៧២០នាក់ (ធ្ងន់ ២ ២៧៣នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% ​មិនគោរពសិទ្ធិ២៣%​ មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង​៤% កត្តាយាន៤% សញ្ញាចរាចរណ៍១% ងងុយ១% កត្តាផ្លូវ១% និងកត្តាអាកាសធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨០% (១ ២០៦/១ ៥០៩នាក់) មានអ្នកមិនពាក់​មួកសុវត្ថិភាពចំនួន ៦៧% (៨០៧/១ ២០៦នាក់)។ គ្រោះថ្នាក់បានកើតឡើង​ច្រើននៅរាជធានីភ្នំពេញ ៨៩៦លើក ព្រះសីហនុ ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក។
បើគិតក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៧៣លើក ស្មើ១៤% (២ ៨៤៤/៣ ៣១៧លើក) ចំនួនអ្នកស្លាប់ថយចុះ ៨១នាក់ ស្មើ៥% (១ ៥០៩/១ ​៥៩០នាក់) និងចំនួនអ្នករបួសថយចុះ ៧៩៥នាក់ ស្មើ១៨%​ (៣ ៧២០/៤ ៥១៥នាក់)។
គួរកត់សម្គាល់ថា សភាពការណ៍ចរាចរណ៍លើផ្លូវល្បឿនលឿនឆ្នាំ២០២៤នេះ មានយានយន្តឆ្លងកាត់សរុបចំនួន ៥ ២៩០ ៤៨៣គ្រឿង គ្រោះថ្នាក់កើតឡើង ២៣៦លើក (យប់៨៩លើក) ខូចខាតយានចំនួន ២៩៨គ្រឿង បណ្តាល​ឱ្យស្លាប់ចំនួន ១៦នាក់ របួសធ្ងន់ចំនួន ១៤នាក់ និងរបួសស្រាលចំនួន ១៦នាក់។
ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨០% (១ ២០៦/១ ៥០៩នាក់) មានអ្នកមិនពាក់​មួកសុវត្ថិភាពចំនួន៦៧% (៨០៧/១ ២០៦នាក់)។
គ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន ១២លើក របួសសរុប ២៥៧នាក់ (ស្រី២០០នាក់)​​ ក្នុងនោះរបួសស្រាល១៨៧ (ស្រី១៤៣) របួសធ្ងន់ ៦៧នាក់ (ស្រី៥៤នាក់) និងស្លាប់ ៣នាក់ (ស្រី)។
ដើម្បីអនុវត្តឱ្យបានសម្រេចតាមផែនការ និងបញ្ហាប្រឈមនេះ គ.ស.ច.គ. ដាក់ចេញទិសដៅការងារ​សម្រាប់​ឆ្នាំ២០២៥ ដូច​ខាង​ក្រោម៖
 ​១-បន្តជំរុញអនុវត្តផែនការសកម្មភាពស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេ​ខ ៣៩​អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទូទាំងប្រទេសសំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមាននិរន្តរភាព និងប្រសិទ្ធភាពប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងស្មើភាព។
​២-ជំរុញបញ្ចប់នីតិវិធីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។
​៣-រៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦។
​៤-រៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០។
​៥-រៀបចំសួនសុវត្ថិភាពសចរាចរណ៍នៅខេត្តកំពង់ឆ្នាំង។
៦-បន្តផ្សព្វផ្សាយ និងអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០។
៧-ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នៅតាមរាជធានី ខេត្ត ផ្តោតលើសិស្សានុសិស្ស អ្នកប្រើប្រាស់ម៉ូតូ អ្នកបើកបរយានយន្តអាជីព និងអ្នកបើកបរដឹកកម្មករ និយោជិត។ ជាមួយនេះ បន្តជំរុញការសិក្សាការកសាងតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន។
៨- ជំរុញការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗ ទប់ស្កាត់ការលក់ដូរ ការដាក់តាំង ការសាងសង់សំណង់ជាដើម។
៩-ជំរុញដោះស្រាយទប់ស្កាត់គ្រោះថ្នាក់នៅកន្លែងផ្លូវប្រសព្វជាមួយផ្លូវដែក។
​១០-បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

Important work activities