កិច្ចប្រជុំពិភាក្សា ស្តីពីការស្នើសុំ ODA សម្រាប់គម្រោង «ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា» ជាមួយគណៈប្រតិភូនៃសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ
នៅថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការស្នើសុំ ODA សម្រាប់គម្រោង «ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាពនៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា» ជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ (Korea National University of Transportation)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក Kim Hyun សាស្រ្តាចារ្យនៃសាកលវិទ្យាល័យជាតិដឹកជញ្ជូនកូរ៉េ និងសហការីក្រុមហ៊ុន Daon Daol Cambodia ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីរាជការ សរុបចំនួន ១៦នាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ជាពិសេសរាយការណ៍អំពីដំណើរការនៃការស្នើសុំ ODA ធ្វើយ៉ាងណាដើម្បីទទួលបានការអនុម័តពីរដ្ឋាភិបាលកូរ៉េ សម្រាប់គម្រោង Safe School Zone។
គួរបញ្ជាក់ផងថា គម្រោងនេះមានគោលដៅចំនួនបី: ១.ការបំពាក់បរិក្ខារសុវត្ថិភាពតាមតំបន់សាលារៀន ២.ការបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយ និង ៣.ការបង្កើតក្រុមអ្នកស្ម័គ្រចិត្ត។