កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ................................................. នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ច័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. និងដោយមានការចូលរួមពី ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកា របស់អគ្គលេខាធិការដ្ឋានសរុបចំនួន ១៥នាក់។ កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖ - ពិនិត្យពង្រាងកម្មវិធីរបស់កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ - ពិនិត្យសមាភាពទទួលបណ្ណសរសើរ លិខិតសរសើរ - ពិនិត្យសេចក្តីសម្រេចស្តីពីការផ្តល់បណ្ណសរសើរ លិខិតសរសើរដល់ក្រសួង ស្ថាប័ន អង្គការដៃគូ និងវិស័យឯកជន មានស្នាដៃក្នុងការចូលរួមរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ - ពិនិត្យពង្រាងរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ គ.ស.ច.គ - ពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ។