កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ 08-02-2024

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ................................................................ នៅថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត កងកម្លាំងនគរបាល និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសរុបចំនួន ២៥០នាក់។ តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣ បានកើតឡើងចំនួន ៣ ៣១៧លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៥៩០នាក់ និងរបួសចំនួន ៤ ៥១៥នាក់ (របួសធ្ងន់ ២ ៧៦៦នាក់) ដោយគិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩លើក បណ្តាលឱ្យស្លាប់ចំនួន ៤នាក់ និងរបួសចំនួន ១២នាក់។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើននៅ រាជធានីភ្នំពេញ ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក។ គ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន១៦លើក ខេត្តកំពង់ស្ពឺ៦លើក ខេត្តកណ្តាល៤លើក ខេត្តកំពង់ឆ្នាំង៣លើក ខេត្តតាកែវ២លើក ខេត្តស្វាយរៀង១លើក បណ្តាលឱ្យស្លាប់១នាក់ និងរបួស៣៥០នាក់ (របួសធ្ងន់៨១នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយានយន្ត៥% ស្រវឹង៣% មិនគោរពរភ្លើងសញ្ញា១% សុខភាព/ងងុយ១% និងកត្តាអាកាសធាតុ១%។ ប្រៀបធៀបនឹងឆ្នាំ២០២២ គ្រោះថ្នាក់កើនចំនួន ៣៤១លើក ស្មើ១១% (៣.៣១៧/២.៩៧៦លើក) អ្នកស្លាប់ថយចុះចំនួន ១១៩នាក់ ស្មើ៧% (១.៥៩០/១.៧០៩នាក់) និងអ្នករបួសកើនចំនួន ៤៨៩នាក់ ស្មើ១២% (៤.៥១៥/ ៤.០២៦នាក់)។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១.២៧៩/១៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៩% (៨៨៨/១២៧៩នាក់)។ ដើម្បីអនុវត្តឱ្យបានសម្រេចតាមផែនការ និងបញ្ហាប្រឈមនេះ គ.ស.ច.គ. ដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដូចខាងក្រោម៖ ១-បន្តជំរុញការរឹតបន្តឹងអនុវត្តអនុក្រឹត្យលេខ៣៩ អនក្របក. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ផែនការសកម្មភាពលេខ០០៣ផ.ក និងសេចក្តីណែនាំលេខ ០០៥សណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្តីពីការបង្កើនប្រសិទ្ធភាពរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ របស់អនុគណៈកម្មការទី២ ទាំងនៅតាមដងផ្លូវ និងគោលដៅដើមទីដោយធ្វើការតាមដាន និងត្រួតពិនិត្យជាប្រចាំដើម្បីកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើឱ្យការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែមានប្រសិទ្ធភាពថែមទៀត ២-បន្តពង្រឹងយន្តការដឹកនាំបញ្ជា និងលើកកម្ពស់សមត្ថភាពជំនាញ ដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងអប់រំណែនាំប្រកាន់វិន័យ សីលធម៌ឥរិយាបថ សំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់រាល់ការខុសឆ្គងរបស់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ៣-បន្តដំណើរកម្មវិធីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការដកពិន្ទុ និងបំពេញពិន្ទុឡើងវិញចំពោះបណ្ណបើកបរយានយន្ត តាមឧបករណ៍បច្ចេកទេសដកពិន្ទុ និងពិន័យអន្តរការណ៍។ ៤-បន្តពង្រឹងការអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង អ្នកស្លាប់ និងរបួស។ ៥-ពិនិត្យ និងបង្កើតនីតិវិធីដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញគ្រប់ក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស បើកវគ្គអប់រំផ្សព្វផ្សាយអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់មន្ត្រីរាជការ កម្មករ និយោជិតក្រោមឱវាទ។ ៦-បន្ត និងបញ្ចប់ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ ៧-រៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ ៨-រៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩ ៩-បន្តពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។

Important work activities