ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦

ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ 26-06-2025


ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តព្រៃវែង 
—————-
(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦ ដែលបានប្រព្រឹត្តទៅនៅបរិវេណសួនច្បារ សម្តេចក្រឡាហោម ក្រុងព្រៃវែង ខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធិ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០០នាក់។ 
ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រៃវែង។ 
ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ផ្តួចផ្តើមដោយ អង្គការសហប្រជាជាតិដែលបានកំណត់យកខែឧសភា រៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមប្រទេសនានាទូទំាងសកលលោក ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរួមទាំងប្រទេសកម្ពុជាឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍។ 
ឆ្នាំនេះ គឺជាឆ្នាំទី១៦ ដែលប្រទេសកម្ពុជារួមជាមួយប្រទេសនានាបានប្រារព្ធពិធីដ៏មានសារៈសំខាន់នេះ ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាល ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចជាផ្លូវការប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ និងបានបន្តដឹកនាំប្រារព្ធជារៀងរាល់ឆ្នាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កបាត់បង់ជីវិតមនុស្ស កាយសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាច្រើន។ ទិវានេះក៏បានបំផុស ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងអស់បង្កើនការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។ 
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ ពិធីនេះ ក៏ជាសកម្មភាពមួយនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំបាត់ទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការសំដែងឆន្ទ:ចូលរួមជាមួយសហគមន៍អន្តរជាតិអនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ។ 
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ២០២៥ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ត្រូវបានកកាត់បន្ថយចំនួន២៣៨លើក ស្មើនឹង៣០% (៥៤៣/៧៨១លើក) អ្នកស្លាប់ថយចំនួន៣៩នាក់ ស្មើនឹង១០% (៣៤៨/៣៨៧នាក់) អ្នករបួសថយចំនួន៣៦៧នាក់ ស្មើនឹង៣៤% (៧១៧/១០៨៤នាក់)។ គ្រោះថ្នាក់ទាំងនេះកើតឡើងពីមូលហេតុ បើកបរលើសល្បឿនកំណត់៥១% មិនគោរពសិទ្ធិ២១% មិនប្រកាន់ស្តាំ១០% វ៉ាជែង៧% ស្រវឹង៥% បត់៣% ល្មើសសញ្ញាចរាចរណ៍២% និងកត្តាយានយន្ត១%។ 
ឆ្លៀតឱកាសដ៏វិសេសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមចូលរួមអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាមួយការកចិត្តទុកដាក់ បើកបរប្រកបដោយការទទួលខុសត្រូវ និងតម្កល់ឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះត្រូវយកអស់ស្មារតីអនុវត្តវិធានការសំខាន់ៗ ដូចខាងក្រោម៖
១. ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត
២. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
៣. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត
៤. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត
៥. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត
៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើតតាមទោចក្រយានយន្ត
៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច
៨. ត្រូវប្រកាន់ស្តាំជានិច្ច
៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
១០.ត្រូវប្រុងប្រយ័ត្នជានិច្ច។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ដែលមិនទាន់សម្រេចបាននូវការកាត់បន្ថយគ្រោះថ្នាក់ និងជនរងគ្រោះ ត្រូវខិតខំថែមទៀត ចាត់វិធានការរដ្ឋបាល និងច្បាប់ឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពក្នុងការធានាសុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ សុវត្ថិភាពយានយន្ត និងសុវត្ថិភាពផ្លូវថ្នល់ សំដៅកាត់បន្ថយគ្រោះថ្នាក់ តាមទិសដៅការងាររបស់ គ.ស.ច.គ. ដែលត្រូវប្តេជ្ញារួមគ្នាសម្រេចឱ្យបាននូវការកាត់បន្ថយចំនួនអ្នកស្លាប់នៅបណ្តាឆ្នាំខាងមុខឱ្យចុះនៅត្រឹមតួលេខបីខ្ទង់។ 
ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តាំផ្ញើដល់អ្នកដែលបានអញ្ជើញចូលរួមក្នុងទិវាសប្តាហ៍ជាតិលើកទី១៦ទាំងអស់ ពេលត្រឡប់ទៅវិញសូមជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញាត់សណ្តាន មិត្តភក្តិ ឱ្យចូលរួមអនុវត្តវិធានការសុវត្ថិភាពខាងលើឱ្យបានខ្ជាប់ខ្ជូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កែប្រែឥរិយាបថក្នុងការធ្វើចរាចរណ៍ប្រកបដោយស្មារតីគោរពច្បាប់ សក្តិសមជាពលដ្ឋដែលមានភាពថ្លៃថ្នូរ។

 តំណរភ្ជាប់ ៖ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៦