កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
នៅព្រឹកថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ “S” របស់ទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត កងកម្លាំងនគរបាលរាជធានី ខេត្ត កងរាជអាវុធហត្ថរាជធានី ខេត្ត មន្ត្រីរាជការ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សរុបចំនួន ១៦៨នាក់។
តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានកើតឡើងចំនួន១ ៥៣៤លើក (យប់៥៥%) បណ្តាលឱ្យស្លាប់៧៩៣នាក់ និងរបួសចំ ២ ១១៦នាក់ (របួសធ្ងន់១ ២៤៣នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់៤០% មិនគោរពសិទ្ធិអាទិភាព២៤% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៤% ស្រវឹង៣% កត្តាផ្លូវ១% ងងុយ១% កត្តាអាកាសធាតុ១% និងសញ្ញាចរាចរណ៍១%។ ក្នុងចំណោមអ្នកស្លាប់ មានអ្នកជិះម៉ូតូចំនួន ៧៩% ដែលក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពមាន៦៧%។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើននៅរាជធានីភ្នំពេញ៤៥០នាក់ ខេត្ត កណ្តាល១៣០នាក់ និងខេត្តព្រះសីហនុ១២៩នាក់។
គិតក្នុងឆមាសទី១ ឆ្នាំ២០២៤ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ថយចុះ១៤លើក ស្មើ១% (១ ៥៣៤/១ ៥៤៨លើក) អ្នកស្លាប់កើន៣៧នាក់ ស្មើ៥% (៧៩៣/៧៥៦នាក់) និងអ្នករបួសកើន៤៤នាក់ ស្មើ២% (២ ១១៦/២ ០៧២នាក់)។ ប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២៤ ធៀបនឹងឆមាសទី២ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ថយចុះ២៣៥លើក ស្មើ ១៣% ចំនួនអ្នកស្លាប់ថយចុះ ៤១នាក់ ស្មើ៥% និងចំនួនអ្នករបួសថយចុះ៣២៧នាក់ ស្មើ១៣%។ គួរកត់សម្គាល់ថា សភាពការណ៍ចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឆមាសទី១នេះ មានយានយន្តឆ្លងកាត់សរុបចំនួន២ ៧២៥ ១០៦គ្រឿង គ្រោះថ្នាក់កើតឡើង១១០លើក(យប់៤៤លើក) ខូចខាតយានចំនួន១៥១គ្រឿង បណ្តាល ឱ្យស្លាប់ ចំនួន៨នាក់ របួសចំនួន៣០នាក់ (របួសធ្ងន់០៦នាក់)។ មានករណីលួចកាត់របងលួសបន្លាចំនួន៣៤លើ ក អស់ប្រវែង២ ៤៣៦ម៉ែត្រ និងករណីលួចគ្រឿងដែកបរិក្ខារសុវត្ថិភាពចរាចរណ៍ចំនួន៨លើក។
គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវប្រសព្វជាមួយផ្លូវដែកកើតឡើងចំនួន១៣លើក(យប់៣លើក) នៅខេត្តពោធិ៍សាត់៤លើក ខេត្តកំពត៣លើក ខេត្តព្រះសីហនុ៣លើក ខេត្តបាត់ដំបង១លើក ខេត្តបន្ទាយមានជ័យ១លើក និងរាជធានីភ្នំពេញ១លើក បានបណ្តាលឱ្យស្លាប់ចំនួន៣នាក់ របួស៣១នាក់ ខូចខាតយានយន្ត៧គ្រឿង និងរថភ្លើង៥គ្រឿង
ដើម្បីអនុវត្តឱ្យបានសម្រេចតាមទិសដៅការងារ គ.ស.ច.គ. ដាក់ចេញទិសដៅការងារប្រចាំឆមាស ទី២ ឆ្នាំ២០២៤ ដូចខាងក្រោម៖
១-បន្តជំរុញអនុវត្តផែនការសកម្មភាពស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទូទាំងប្រទេសសំដៅបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមាននិរន្តរភាព និងប្រសិទ្ធភាពប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងស្មើភាព។
២-ជំរុញបញ្ចប់នីតិវិធីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។
៣-រៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៩។
៤-បន្តផ្សព្វផ្សាយ និងអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០។
៥-ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍នៅតាមរាជធានី ខេត្ត ផ្តោតលើសិស្សានុសិស្ស អ្នកប្រើប្រាស់ម៉ូតូ អ្នកបើកបរយានយន្តអាជីព និងអ្នកបើកបរដឹកកម្មករ និយោជិត។
៦-បន្តជំរុញការសិក្សាការកសាងតំបន់សុវត្ថិភាពចរាចរណ៍ និងសួនសុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន។
៧-ជំរុញដោះស្រាយទប់ស្កាត់គ្រោះថ្នាក់នៅកន្លែងផ្លូវប្រសព្វជាមួយផ្លូវដែក។
៨-បន្តពង្រឹងយន្តការតាមដានប្រតិកម្មរបស់សាធារណជន ដើម្បីធ្វើការបកស្រាយឆ្លើយតបទាន់ពេ ល វេលាសំដៅ កាត់បន្ថយទស្សនៈភ័ន្តច្រឡំពីសាធារណជន និងបន្សាបឥទ្ធិពលព័ត៌មានក្លែងក្លាយដែលបំពុ ល បរិយា កាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្ត ជំរុញអនុវ ត្តឱ្យ បានសម្រេចតាមផែនការសកម្មភាពឆ្នាំ២០២៤ របស់ គ.ស.ច.គ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តអនុវត្តឱ្យបានជោគជ័យតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិងជនរងគ្រោះឱ្យបានជាអតិបរមា ឯកឧត្តមអភិសន្តិបណ្ឌិតបានធ្វើការណែនាំបន្ថែមដូចតទៅ៖
១.ស្នើដល់យន្តការដឹកនាំរាជធានី ខេត្តទាំង១៨ ដែលមានកំណើនគ្រោះថ្នាក់ ឬជនរងគ្រោះរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តក្រចេះ ខេត្តតាកែវ ខេត្តស្ទឹងត្រែង និងខេត្តព្រៃវែង ត្រូវចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះ ឱ្យបានសម្រេចតាមផែនការប្រកបដោយការប្តេជ្ញាចិត្តយ៉ាងម៉ីងម៉ាត់ មានប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។ ខេត្តចំនួន៧ មានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី និងខេត្តឧត្តរមានជ័យ ដែលមានស្នាដៃក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងជនរងគ្រោះ ត្រូវបន្តចាត់វិធានការយ៉ាងម៉ីងម៉ាត់ថែមទៀតតាមបទពិសោធន៍ និងស្ថានភាពជាក់ស្តែងនៃភូមិសាស្រ្តនីមួយៗ។ កិច្ចការនេះតម្រូវឱ្យមានការចុះដឹកនាំដោយផ្ទាល់ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់ ការពិនិត្យអង្កេតកន្លែងកើតហេតុគ្រោះថ្នាក់ច្រើន សំដៅរកឱ្យឃើញមូលហេតុជាក់លាក់បង្កគ្រោះថ្នាក់ ដើម្បីដាក់ចេញវិធានការចាំបាច់ទប់ស្កាត់គ្រោះថ្នាក់ ដោយប្រើប្រាស់កម្លាំងសរុបនិងវិធានការសរុបអនុវត្តដូចភ្លៀងរលឹមប្រកបដោយនិរន្តរភាព។
២.ជំរុញការកែទម្រង់ការងារនៅគ្រប់អង្គភាព ដើម្បីបង្កើនភាពសកម្មទទួលខុសត្រូវគ្រប់ការងារធានាសម្រេចកាត់បន្ថយអត្រាជនរងគ្រោះថ្នាក់ចរាចរណ៍ក្នុង ១ឆ្នាំឱ្យបានចំនួន៥% តាមផែនការទសវត្សដែលបានគ្រោងទុក។ ក្នុងន័យនេះ ត្រូវ បង្កើនប្រសិទ្ធភាពយន្តការដឹកនាំ ការចាត់តាំងអនុវត្តផែនការសកម្មភាព និងការត្រួតពិនិត្យវាយតម្លៃគ្រប់សកម្មភាពឱ្យបានត្រឹមត្រូវ។
៣.ត្រូវបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់។ ត្រូវខិតខំតាមរកចាប់ ជនបង្កគ្រោះថ្នាក់ដែលរត់គេចខ្លួន ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
៤.ត្រូវខិតខំថែមទៀតធ្វើការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឱ្យមានរបៀប រៀបរយតាមប្រភេទផ្លូវ និងគ្មានការកកស្ទះ។ ដើម្បីឆ្លើយតបនឹងកំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ ក្រសួង ស្ថាប័នជំនាញត្រូវសិក្សាកសាង ផែនការ និងមានវិធានការឱ្យបានច្បាស់លាស់តាមដំណាក់កាលនីមួយៗ ដើម្បី កសាង ផ្លូវ ថ្មី ពង្រីកឬជួសជុលកែលម្អផ្លូវថ្នល់ដែលមានស្រាប់ បង្កើតចំណតឱ្យបានគ្រប់គ្រាន់ និងចាត់វិធានការគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មត់។ ជាមួយនេះ ត្រូវគិតគូ រអំពី ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់ និងងាយមើលឃើញ ត្រូវបន្ត បំពាក់កាមេរ៉ាអចល័តនៅតាមដងផ្លូវ បម្រើដល់ការដោះស្រាយកកស្ទះ និងការទប់ស្កាត់ អំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៥.អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្តទាំង២៥ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍តាមគ្រប់រូបភាព ដោយផ្តោតលើអ្នកជិះម៉ូតូដែលទទួលរងគ្រោះថ្នាក់ភាគច្រើនអ្នកបើកម៉ូតូកង់បី អ្នកបើកម៉ូតូដឹកទំនិញ សិស្សគ្រប់កម្រិតសិក្សា អ្នកបើកបររថយន្តដឹកកម្មករជាដើម។
៦.ត្រូវបន្តជំរុញការធ្វើទំនើបកម្មប្រព័ន្ធDigaital ក្នុងការគ្រប់គ្រងអំពើល្មើស និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ព្រមទាំងបែងចែកព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច ដើម្បីចាត់ការបង្ការ និងបង្ក្រាបទាន់ពេល។ ជាមួយនេះ មន្ត្រីមាន សមត្ថ កិច្ចគ្រប់រូបត្រូវបង្កើនការកសាងសមត្ថភាពចំណេះដឹងអំពីច្បាប់ ជំនាញប្រព័ន្ធបច្ចេកវិទ្យា រួមទាំងត្រូវមានសីលធម៌វិន័យ ស្មោះត្រង់ ក្នុងវិជ្ជាជីវៈ ដោយត្រូវអនុវត្តអភិក្រមទាំង៥(ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។
៧.ត្រូវបង្កើនភាពគំរូក្នុងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផ្តើមចេញពី មន្ត្រីនៃក្រសួង ស្ថាប័នពាក់ព័ន្ធ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ក្នុងន័យនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាសមាជិក គ.ស.ច.គ ត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាព ជំរុញការលើកកម្ពស់ចំណេះដឹងសុវត្ថិភាពចរា ចរ ណ៍ដល់មន្រ្តី រាជការ និយោជិតក្រោមឱវាទ និងផ្ញើរបាយការណ៍ មកអគ្គលេ ខា ធិការដ្ឋានគ.ស.ច.គ. ដើម្បីបូកសរុប និងមានមូលដ្ឋានក្នុងការលើកសរសើរប្រកបដោយតម្លាភាព។
៨.ស្នើដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជននានាបន្តចូលរួមជួយសហការលើការងារលើកកម្ពស់សុវត្ថិភាពចរា ចរ ណ៍តាមគ្រប់រូបភាព។
នៅទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត មានសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យើងនឹងអាចសម្រេចបានជោគជ័យក្នុងការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២៤ ក៏ដូចជាការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់ ឈានទៅសម្រេចគោលការណ៍ទាំងបី គឺ “ អ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាព ផ្លូវថ្នល់មានសុវត្ថិភាព និងយានយន្តមានសុវត្ថិភាព”។